Subscribe Us

header ads

ការជ្រើសរើស​គូ​អនាគត​ត្រូវ​ផ្តើមចេញពី​ការ​ស្គាល់​ខ្លួនឯងឬយ៉ាងណា?

មនុស្ស​ម្នាក់ៗ​ត្រូវ​រៀន​ទទួលខុសត្រូវ គ្រប់​សកម្មភាព គ្រប់​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ ដើម្បី​ឲ្យ​មានការទទួលខុសត្រូវ  មនុស្ស​ម្នាក់ៗ​ត្រូវ​ផ្តើមចេញពី​ការរៀន​ស្គាល់​ខ្លួនឯង​ជាមុនសិន​។


ការរៀន​ស្គា​ល់ពី​ខ្លួនឯងនេះ ផ្តើមចេញពី​ភាពស្មោះសរ​ផុស​ចេញពី​ដួងចិត្ត​ពិត​មិន​ក្លែងក្លាយ​របស់ខ្លួន​ដូចជា​៖
– រៀន​ពី​ចំណុចខ្លាំង​
– ​រៀន​ពី​ចំណុចខ្សោយ​
– ​រៀន​ពី​ចំណង់​ចំណូលចិត្ត​របស់ខ្លួន
– រៀន​ពី​កត្តា​នានា​ដែល​ខ្លូន​ឯង​មិន​ចូលចិត្ត​។​

ជាធម្មតា​មនុស្ស​មិនអាច​មើលឃើញ​ចំណុច​ទាំងអស់​ដោយ​ខ្លួនឯង​ទេ ហេតុនេះ​ការ​សួរ និង​ពិគ្រោះ យោបល់​ជាមួយ​មិត្តភក្តិ មិត្ត​រួម​ថ្នាក់ ឬ​អ្នក​ជិតស្និទ្ធ អាច​ឆ្លុះបញ្ចាំង​ពី​ធាតុពិត​របស់​យើង​បាន​។ តែ​ទោះជាយ៉ាងណាក៏ដោយ​មនុស្សម្នា​ក់ៗ ​ត្រូវ​ក្លាហាន​ទទួលយក​នូវ​ចំណុច​អវិជ្ជមាន​មួយចំនួន​ដែល​មិត្តភក្តិ ឬ​អ្នក​ជិត ដិត​ប្រាប់ ក្នុងការ​កែលម្អ និង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​។ ការមិនទទួលស្គាល់​ការពិត ឬ​បដិសេធ មតិ​កែលម្អ​របស់គេ​ពី​ចំណុចខ្សោយ​របស់ខ្លួន ធ្វើ​ឲ្យ​យើង​ខាតបង់​ទៅវិញ និង​មិនអាច​ជោគជ័យ​ក្នុង​ជីវិត អនាគត​បានទេ​។​

​ការជ្រើសរើស​គូ​អនាគត ត្រូវ​ផ្តើមចេញពី​ការ​ស្គាល់​ខ្លួនឯង ចំណង់​ចំណូលចិត្ត​នានា​ដែល​ខ្លួន​ចង់បាន ជាមុនសិន បន្ទាប់ពីនោះ​យើង​ត្រូវ​ពិនិត្យ​ពី​កត្តា​ដែល​អាច​ឲ្យ​យើង​រស់នៅ​ប្រកបដោយ​ភាពចុះ​សម្រុង និង មាន​សុភមង្គល​បាន​។ ការគិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ពី​លក្ខណៈសម្បត្តិ​ដៃគូ ដែល​ខ្លួន​ត្រូវការ​អាចជួយ ត្រួសត្រាយ​ផ្លូវ​បាន​មួយចំណែក​ក្នុងការ​រៀបចំ​ផែនការ​ជីវិត ដើម្បី​ឲ្យ​ការរស់នៅ​ជាមួយគ្នា​ប្រកបដោយ​សុភមង្គល​។



ខាងក្រោម​នេះ​ជា​ចរិយា​សម្បត្តិ​មួយចំនួន​សម្រាប់​ឲ្យ​យុវវ័យ​ធ្វើការ​ពិចារណា​ក្នុងការ​ជ្រើសរើស​គូអនាគត​៖

​មានចំណេះដឹង និង​វិជ្ជាជីវៈ​ពិតប្រាកដ​​មាន​គោលដៅ​ជីវិត​ច្បាស់លាស់​

  • ​មានគុណ​ធម៌ មិន​ប្រកាន់​ឬ​ក​ពារ ចេះ​ស្រលាញ់​ញាតិមិត្ត​
  • ​ចរិយា​ថ្លៃថ្នូរ ចេះដឹង​ខ្ពស់​ទាប​
  • ​មានការ​ប្រាស្រ័យ​ទាក់ទង​ល្អ​
  • ​មិន​ប្រឡូក​ក្នុង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​
  • ទទួលទាន​គ្រឿង​ស្រវឹង​ដោយ​ទទួលខុសត្រូវ​
  • ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​
  • ​ចេះ​តស៊ូ​ជម្នះ​ឧបសគ្គ​
  • ​មិន​រអ៊ូរទាំ ឬ​ស្តីបន្ទោស​នៅមុខ​គេ​មុខ​ឯង​
  • ​មាន​រូបសម្បត្តិ​សមរម្យ​
  • ទ្រព្យសម្បត្តិ​សក្តិសម​នឹង​ខ្លួន​។​

សង្គម​បាន​ឲ្យ​តម្លៃ​ស្មើគ្នា​ដល់​មនុស្ស​ទាំងអស់​ក្នុងការ​ជ្រើសរើស​គូ​អនាគត តែ​ទោះជា​យ៉ាងណា​នារី មិនសូវមាន​ឳ​កាស សម្រាប់​ការប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ទេ ព្រោះ​មាន​របាំង​វប្បធម៌ និង​ប្រពៃណី​មួយចំនួន​។ យ៉ាងណាមិញ យើង​ត្រូវ​ចាំ​ថា យើង​ជា​ម្ចាស់​លើ​ជីវិត​របស់ខ្លួន ហើយក៏​ជា​អ្នកដឹកនាំ​ខ្លួនឯង​ទៅរក​សុភមង្គល​។ ដំបូន្មាន​ល្អៗ​របស់​ក្រុមគ្រួសារ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ អាចជួយ​ជា​គំនិត​ឲ្យ​ប្អូនៗ​ធ្វើការ​សម្រេចចិត្ត ត្រឹម​ត្រូវបាន​។​

ការ​ស្គាល់​ខ្លួនឯង ចេះ​គ្រប់គ្រង និង​ដឹកនាំ​ខ្លួនឯង ជា​ប្រការ​ដែល​យុវវ័យ​គ្រប់រូប​ត្រូវប្រកាន់យក​។ មួយវិញទៀត យុវវ័យ​ត្រូវមាន​ផែនការ​ច្បាស់លាស់​ក្នុង​ការកសាង​គ្រួសារ ដោយ​ផ្តើមចេញពី​ការគិត​ពិ​ចារ ណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​រៀបចំ​អនាគត​របស់ខ្លួន​។ មានតែ​ខ្លួនឯង​ទេ​ដែលជា​ម្ចាស់​ពិតប្រាកដ​លើ ខ្លួនឯង​។​

Post a Comment

0 Comments