Subscribe Us

header ads

ចំណុចទាំង ៧ ដែលត្រូវតែដឹងថាកូនអ្នកត្រូវបានគំរាម

 តាមពិត វាអាចជារឿងដែលពិបាកសម្រាប់មាតាបិតាក្នុងការតាមដានឲ្យដឹងថាកូនរបស់អ្នកមានបញ្ហាអ្វីខ្លះនៅសាលារៀន ជាពិសេសគឺបញ្ហាទាក់ទងនឹងការសម្លុត ការគំរាមកំហែងពីមិត្តភក្តិ ឬអ្នកដែលមានអំណាចធំជាងពួកគេ។



 ដោយហេតុថាសាលាជាទីតាំងមួយដែលពួកគេបានជួបជាមួយមនុស្សជាច្រើន និងហេតុការណ៍ថ្មីៗជារៀងរាល់ថ្ងៃ។ ដូច្នេះ ដើម្បីជាគន្លឹះក្នុងការកំណត់ថាកូនអ្នកពិតជាត្រូវបានគេគំរាមពិតមែន អ្នកអាចចំណាំតាមរយៈសកម្មភាពរបស់ពួកគេដូចខាងក្រោម៖


១.ការឈឺក្បាល និងឈឺពោះញឹកញាប់

រោគសញ្ញាឈឺក្បាល និងឈឺពោះគឺជាអាការៈដែលអាចស្តែងចេញមកខាងក្រៅជាញឹកញាប់ ដែលអាការៈទាំងនេះបណ្តាលមកពីភាពស្ត្រេស និងការថប់អារម្មណ៍ចំពោះការគំរាមកំហែងនេះតែម្តង។ ពេលខ្លះវិញ ពួកគេមិនមានអាការៈបែបនេះទេ តែគេបែរជាព្យាយាមកុហកដើម្បីគេចវេះពីការទៅសាលារៀន ឬទៅចូលរួមក្នុងសកម្មភាពសង្គមទៅវិញ។ ហេតុនេះប្រសិនបើកូនរបស់អ្នកតែងតែត្អូញត្អែរអំពីអាការៈបែបនេះគឺដល់ពេលហើយដែលអ្នកគួរតែនិយាយជាមួយពួកគេ។ ជាឧទាហរណ៍ អ្នកអាចចាប់ផ្តើមសួរថា “កូនមើលទៅហាក់ដូចជាកើតមានបញ្ហានេះញឹកញាប់ណាស់ពេលថ្មីៗនេះ តើកូនអាចប្រាប់ម៉ាក់ប៉ាឲ្យកាន់តែច្បាស់ពីបញ្ហានេះបានទេ?” ប៉ុន្តែអ្នកអាចសួរសំណួរផ្សេងៗទៀតបានផងដែរ តែត្រូវប្រាកដថាសំណួរទាំងនោះជាសំណួរដែលមានចម្លើយបើក សួរដោយផ្អែមល្ហែម មិនគំរោះគំរើយ មិនត្រូវសួរដោយឆេវឆាវ ឬដោយមានកំហឹងឡើយ។ អ្នកគួរចងចាំថា កូនអ្នកកំពុងមានបញ្ហាផ្លូវចិត្ត ដូចនេះការលួងលោម ការលើកទឹកចិត្ត និងការផ្តល់ជាដំណោះស្រាយដោយសន្តិវិធីជាប្រការចាំបាច់បំផុត។


២.ការផ្លាស់ប្តូរមិត្តភក្តិ

ការបាត់បង់មិត្តភក្តិ ឬការផ្លាស់ប្តូរមិត្តភក្តិក៏អាចជាសញ្ញានៃការគំរាមកំហែងចំពោះក្មេងៗផងដែរ ដែលភាគច្រើននៃបញ្ហានេះកើតឡើងចំពោះក្មេងៗនៅវ័យជំទង់។ ស្រដៀងគ្នានេះដែរ ភាពញឹកញយនៃការស្ទាក់ស្ទើរចេញទៅក្រៅជាមួយមិត្តភក្តិក៏អាចជាសញ្ញានៃការគំរាមកំហែងដែលកើតឡើងនៅក្នុងក្រុមមិត្តភក្តិរបស់គេតែម្តង។  មាតាបិតាអាចសង្កេតមើលការផ្លាស់ប្តូរមិត្តភក្តិក្នុងក្រុមរបស់កូនអ្នកដោយស្ងៀមស្ងាត់ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយមាតាបិតារបស់កុមារផ្សេងទៀត ដែលនៅក្នុងក្រុម។ វិធីសាស្រ្តនេះអាចជួយឲ្យអ្នកអាចតាមដានអវត្តមានរបស់ពួកគេនៅក្នុងពិធីខួបកំណើត ឬកម្មវិធីផ្សេងៗទៀត និងអាចអនុញ្ញាតឲ្យអ្នកបានដឹងពីបញ្ហានានា ដែលកើតឡើងរវាងកូនអ្នក និងមិត្តភក្តិរបស់ពួកគេផងដែរ។


៣.ពិបាកគេង

ជាធម្មតា ពួកគេតែងមានការព្រួយបារម្ភ ខ្វល់ខ្វាយនិងអន្ទះអន្ទែងនៅពេលយប់ ដោយសារពួកគេតែងគិតពីបញ្ហានានាដែលអាចកើតឡើងនៅថ្ងៃស្អែក ជាហេតុធ្វើឲ្យពួកគេគេងមិនលក់ រសេះរសោះ និងជួនកាលអាចសុបិន្តអាក្រក់ ឬអាចយំពេលគេងលក់ទៀតផង។ ដើម្បីបញ្ជាក់ពីបញ្ហានេះ មាតាបិតាអាចសង្កេតកូនអ្នកនៅពេលព្រឹកតាមរយៈសកម្មភាពរបស់ពួកគេ ដោយអាចស្តែងចេញជាភាពធុញទ្រាន់ ឬមិនឃ្លានអាហារ មើលទៅហាក់ដូចជាហត់នឿយខុសពីធម្មតា បាត់បង់សមត្ថភាពក្នុងការផ្ចង់អារម្មណ៍បាត់បង់ការរក្សាអនាម័យប្រចាំថ្ងៃឲ្យបានត្រឹមត្រូវជាដើម។


៤.យំមិនឈប់ ឬមានប្រតិកម្មផ្នែកអារម្មណ៍ខ្លាំង

ប្រសិនបើកូនអ្នកមានប្រតិកម្មខ្លាំងទៅនឹងការសន្ទនាអំពីសាលារៀន ឬសកម្មភាពសង្គម វាអាចប្រហែលជាសញ្ញាណដែលពួកគេកំពុងមានបញ្ហាថប់អារម្មណ៍ អំពីរឿងទាំងនោះ។ គួរកត់សម្គាល់ផងដែរថា តាមធម្មតាក្មេងតូចៗតែងចូលចិត្តនិយាយពីរឿងដែលគេនៅសាលា ខណៈពេលដែលក្មេងវ័យជំទង់តែងចង់ពិភាក្សាគ្នាអំពីថ្ងៃចុងសប្តាហ៍ទៅវិញ។ មាតាបិតាក៏គួរតែបានដឹងពីបញ្ហាទាំងនេះផងដែរ។


៥.ការផ្លាស់ប្តូរជាមនុស្សថ្មី

ការគំរាមកំហែងអាចជះឥទ្ធិពលដល់អារម្មណ៍ និងការគិតរបស់កុមារខ្លាំងណាស់ ហេតុនេះប្រសិនបើការគំរាមនៅតែបន្ត និងកាន់តែធ្ងន់ធ្ងរទៅៗ នោះកុមារនឹងប្រឈមមុខនឹងការផ្លាស់ប្តូរផ្នែកសតិអារម្មណ៍ និងផ្លាស់ប្តូរអត្តចរិត។ ឧទាហរណ៍ កុមារអាចប្រែពីមនុស្សម្នាក់ដែលចូលចិត្តនិយាយច្រើន ទៅជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ ឬចាប់ផ្តើមផ្តាច់ទំនាក់ទំនងជាមួយសមាជិកគ្រួសារ ចូលចិត្តនៅតែម្នាក់ឯងសម្ងំតែក្នុងបន្ទប់បន្ទាប់ពីចេញពីរៀនជាដើម។

 

៦.ការសម្លៀកបំពាក់រហែក ឬមានរបួសស្នាមលើរាងកាយ

នេះជាសញ្ញាណដែលតែងកើតមានជាញឹកញាប់ចំពោះកុមារដែលត្រូវបានគេគំរាមកំហែង ហើយហេតុការណ៍នេះអាចកើតឡើងកាន់តែញឹកញាប់នៅពេលដែលការគំរាមកំហែងកាន់តែធ្ងន់ធ្ងរទៅៗ។ ប៉ុន្តែនៅពេលអ្នកព្យាយាមសួរពួកគេពីហេតុការណ៍ដែលបានកើតឡើង ពួកគេប្រែជាពិបាកក្នុងការរៀបរាប់ប្រាប់ពីមូលហេតុ ហើយពេលខ្លះពួកគេព្យាយាមគេចវេះពីសំណួរនេះទៀតផង។


៧.ការធ្វើខ្លួនដូចជាជនរងគ្រោះ

កុមារចាប់បាត់បង់ជំហររឹងមាំ និងបាត់បង់ជំនឿចិត្តក្នុងការធ្វើរឿងអ្វីមួយ។ សកម្មភាពទាំងនោះមានដូចជា ចាប់ផ្តើមដើរឱនមុខចុះ មិនហ៊ានបញ្ចេញយោបល់ជាសាធារណៈ មិនចូលចិត្តសកម្មភាពដែលមានមនុស្សច្រើន ឬបាត់បង់ភាពប្រកួតប្រជែង។


ការគំរាមកំហែងពិតជាផ្តល់ផលអាក្រក់ចំពោះកុមារដូច្នេះមាតាបិតាគួរយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហានេះ បើមិនដូច្នោះទេ ពួកគេអាចទទួលរងការប៉ះទង្គិចទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការប៉ះទង្គិចផ្លូវចិត្តអាចធ្វើឲ្យកូនអ្នកបាក់ស្បាត គ្មានភាពក្លាហានលទ្ធផលនៃការសិក្សាធ្លាក់ចុះ សុខភាពផ្លូវកាយទ្រុឌទ្រោម ជាពិសេសពួកគេអាចប្រឈមនឹងការបាក់ទឹកចិត្តរយៈពេលយូរ ពេលខ្លះអាចបន្តរហូតដល់ពួកគេពេញវ័យទៀតផង។ ផលវិបាកទាំងអស់សុទ្ធតែអាចជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើមិនទទួលបានជំនួយ និងវិធីដោះស្រាយដែលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

Post a Comment

0 Comments